
Lautaro Martinez ជឿជាក់ថា Lionel Messi នឹងឈ្នះ Ballon d’Or ចំនួន ១៥ដង ប្រសិនបើគ្មានវត្តមាន Cristiano Ronaldo នោះទេ។
ម្ចាស់ជើងឯក World Cup ឆ្នាំ២០២២ កំពូលវីរបុរសអាហ្សង់ទីន Lionel Messi បានឈ្នះពាន Ballon d’Or ជាលើកទីប្រាំបីរបស់ខ្លួនកាលពីយប់ថ្ងៃទី៣០ ខែតុលាកន្លងទៅនេះ ដោយបានផ្តួល Erling Haaland របស់ក្លិប Manchester City និង Kylian Mbappe របស់ក្លិប Paris Saint-Germain ។
មុនពេលដែលកីឡាករវ័យ ៣៦ឆ្នាំរូបនេះបានបន្ថែមកំណត់ត្រាមួយទៀតនៅក្នុងអាជីពរបស់ខ្លួន មិត្តរួមជាតិគឺកីឡាករ Martinez ដែលឈរនៅលេខរៀងទី២០ ក្នុងបញ្ជីពានរង្វាន់ Ballon d’or បន្ទាប់ពីទទួលបានជោគជ័យក្នុងរដូវកាល២០២២/២៣ ជាមួយ Inter Milan និងជម្រើសជាតិអាហ្សង់ទីន បានស្ងប់ស្ងែងយ៉ាងខ្លាំងទៅលើតារា Inter Miami ខាងលើ។
ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះបានអះអាងថា តារាបាល់ទាត់របស់ក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr កីឡាករ Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៥ដង គឺជាកីឡាករតែម្នាក់គត់ដែលបញ្ឈប់ Messi ក្នុងការឈ្នះពានរង្វាន់នេះជាច្រើនដង។ ស្របពេល Messi និង Ronaldo តែងតែប្ដូរវេនគ្នាឈ្នះពានបុគ្គលដ៏មានឥទ្ធិពលនេះ មុនពេល Ronaldo ហាក់បាត់ឥទ្ធិពលរបស់ខ្លួននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
តារាឆ្នើមវ័យក្មេង Martinez បានប្រាប់ទៅកាន់ទូរទស្សន៍ ESPN មុនពេលកម្មពិធីប្រគល់ពាននេះថា៖ “Messi ត្រូវតែចែករំលែកសម័យនេះជាមួយ Cristiano Ronaldo បើមិនដូច្នេះទេគាត់នឹងឈ្នះពាន Ballon d’Or នេះចំនួន ១៥ដងម្នាក់ឯងបាត់ទៅហើយ”។
Messi គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលដែលគ្រប់គ្នាហៅថា ‘GOAT’ ឬក៏ជាស្ដេចពពែរ។ Messi បានឈ្នះគ្រប់យ៉ាងទាំងអស់ដែលមាននៅក្នុងពិភពបាល់ទាត់ មិនថានៅកម្រិតក្លឹប និងកម្រិតជម្រើសជាតិនោះទេ។ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ Messi ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។
Messi ដែលបានផ្លាស់ទៅកាន់ក្លិបអាមេរិក Inter Miami កាលពីរដូវក្ដៅកន្លងទៅនេះ បានជួយឱ្យអាហ្សង់ទីន គ្រងតំណែងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ២០២២ ដែលនេះជាពានតែមួយគត់ដែលនៅសេសសល់នៅក្នុងអាជីពរបស់កំពូលខ្សែប្រយុទ្ធរូបនេះ។ ចៃដន្យមានកីឡាករតែពីរនាក់ប៉ុណ្ណោះ ដែលបានឈ្នះពានបាល់មាសនេះពី Messi និង Ronaldo បើគិតតាំងពីឆ្នាំ២០០៨មក នោះគឺ Luka Modric ឈ្នះនៅឆ្នាំ២០១៨ និង Karim Benzema នៅឆ្នាំ២០២២៕ ដោយ៖ តារា