
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិបារាំងលោក Didier Deschamps មិនគិតថាតារាបាល់ទាត់របស់ក្លិប Inter Miami ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករបាល់ទាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ។
វីរបុរសរបស់ក្លឹប Barcelona បានឈ្នះពានរង្វាន់ Ballon d’Or លើកទី៨ របស់គាត់កាលពីចុងខែតុលាកន្លងទៅនេះក្នុងទីក្រុងប៉ារីស បន្ទាប់ពីបានដឹកនាំក្រុមអាហ្សង់ទីនគ្រងតំណែងជើងឯកពានរង្វាន់ World Cup នៅប្រទេសកាតាកាលពីឆ្នាំ២០២២។ ក្នុងជោគជ័យនេះ Messi បាននាំមុខគេនៅលើកំពូលតារាង Ballon d’Or គ្រប់សម័យកាល ដោយខ្សែប្រយុទ្ធអាហ្សង់ទីននេះ បានវ៉ាដាច់គូប្រជែងដ៏ស្វិតស្វាញបំផុតរបស់គាត់គឺ Cristiano Ronaldo ចំនួន ៣ ពានឯណោះ។
អតីតតារាឆ្នើមរបស់ Real Madrid គឺបានឈ្នះ Ballon d’Or ត្រឹមតែចំនួន ៥ដងប៉ុណ្ណោះ ដែលកាលឈ្នះចុងក្រោយបំផុតគឺក្នុងឆ្នាំ២០១៧។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកបារាំងលោក Deschamps មិនគិតថា Messi ធ្វើបានគ្រប់គ្រាន់ដើម្បីនាំមុខ Ronaldo ឬ Kylian Mbappe ក្នុងនាមជាកីឡាករល្អបំផុតគ្រប់ពេលវេលានោះទេ។
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានប្រាប់ការសែត ESPN ថា៖ “ប្រជាជនអាហ្សង់ទីននិយាយថា Messi គឺល្អបំផុតគ្រប់ពេល។ គាត់គឺជាម្នាក់ក្នុងចំណោមកីឡាករល្អបំផុត ប៉ុន្តែវាពិបាកក្នុងការនិយាយថា Messi គឺល្អជាង Cristiano Ronaldo ឬ Kylian Mbappe ដែលនៅក្មេងជាងណាស់”។
ខណៈពេលដែល Ronaldo ឈ្នះ Ballon d’Or ចំនួន៥ដងនៅក្នុងអាជីពរបស់គាត់ ហើយ Messi បានឈ្នះ ៨សម័យកាល ចំណែកឯ Mbappe មិនទាន់ឈ្នះសូម្បីតែនៅឡើយនោះទេ។ តារាឆ្នើមរបស់ក្លិប PSG បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ២០២៣នេះ តាមពីក្រោយ Messi និង Erling Haaland របស់ Manchester City ដែលឈរនៅលេខ២៕ ដោយ៖ តារា