
កៅអីលោក Erik ten Hag បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពក្ដៅគគុក ក្រោយពី Manchester United ចាប់ផ្តើមរដូវកាលនេះដ៏អាក្រក់បំផុតក្នុងរយៈពេល ៦០ឆ្នាំ។
ក្លិបបីសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមអ្នកមានជាន់ថ្មី Newcastle ក្នុងលទ្ធផលតដៃមិនរួច ០-៣។ ក្រុមបិសាចក្រហម ក៏បានបរាជ័យដ៏អាម៉ាស់ក្រោមស្នាដៃក្រុមរួមទីក្រុង Manchester City ក្នុងលទ្ធផល ៣-០ ថែមទៀត ដែលធ្វើឱ្យក្រុមរបស់លោក Erik Ten Hag ឈរនៅលេខរៀងទី៨ ឯណោះក្នុងតារាងក្របខណ្ឌ Premier League ដោយដាច់ពីក្រុមកំពូលតារាងរហូតដល់ ១១ពិន្ទុក្រោយពីឆ្លងកាត់ការប្រកួតត្រឹមតែ ១០លើកប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមរបស់លោក Ten Hag ក៏ធ្វើមិនបានល្អទាល់តែសោះនៅក្នុងការប្រជែងឯកអឺរ៉ុប Champions League ដោយរងបរាជ័យចំនួនពីរលើកក្នុងវគ្គជម្រុះតាមពូល ដោយទទួលបានជ័យជម្នះបានត្រឹមតែ ១លើកគត់ពីការប្រកួតចំនួន ៣លើកកន្លងមក ដែលធ្វើឱ្យក្លិប Man Utd ឈរនៅលេខរៀងទី៣ ក្នុងពូល A។ ដែលនេះធ្វើឱ្យក្រុមរបស់លោក Ten Hag ប្រឈមធ្លាក់ទៅកាន់ការប្រកួតពានលំដាប់ទី២ Europa League វិញ។ ក្រោយដឹកនាំមិនបានល្អទាស់តែសោះបែបនេះ ថ្នាក់ដឹកនាំក្លិប Man Utd កំពុងពិចារណាស្វែងរកគ្រូបង្វឹកថ្មីមកជំនួសកៅអីគ្រូបង្វឹកហូឡង់ខាងលើ។ បើយោងតាម Goal ក្រុមយក្សអង់គ្លេសមួយនេះបានកំណត់គោលដៅទៅលើគ្រូបង្វឹកឆ្នើមៗចំនួន ៩រូបដើម្បីមកជំនួសកៅអីលោក Ten Hag ប្រសិនបើក្លិបសម្រេចបណ្ដេញអ្នកចាត់ការរូបនេះចេញ៖
៩-លោក Roberto De Zerbi
លោក De Zerbi កំពុងទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំៗ ក្រោយពីលោកដឹកនាំក្លិប Brighton ទទួលបានលទ្ធផលយ៉ាងល្អ។ ដូច្នេះគ្រូបង្វឹកអ៊ីតាលីរូបនេះ ក៏ជាបេក្ខភាពដ៏ល្អមួយរូបនេះផងដែរ ដើម្បីមកស្រោចស្រង់ក្លិបយក្សមួយនេះវិញ។
៨-លោក Kieran McKenna
McKenna ធ្លាប់បានដឹកនាំក្រុម U-18 របស់ក្លិប Man United ក្នុងឆ្នាំ២០១៦ ហើយក៏ធ្លាប់ជាជំនួយការគ្រូបង្វឹកលោក Ole Gunnar Solskjaer ផងដែរក្នុងអំឡុងពេលលោកដឹកនាំនៅបីសាចក្រហម។ ខណៈបច្ចុប្បន្ននេះលោកកំពុងដឹកនាំក្រុម Ipswich Town នៅលីគលំដាប់ទី២ អង់គ្លេស ដូច្នេះលោកក៏ជាបេក្ខភាពក្នុងការពិចារណាមួយផងដែរ។
៧-លោក Michael Carrick
វីរបុរសបីសាចក្រហមរូបនេះក៏ធ្លាប់ធ្វើជាជំនួយការលោក Solskjaer ជាពិសេសក៏បានកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្នកាលពីរដូវកាល២០២១/២២ផងដែរ។
៦-លោក Unai Emery
លោក Unai Emery គឺជាអ្នកចាត់ការដ៏មានបទពិសោធន៍ និងជោគជ័យយ៉ាងខ្លាំងជាមួយក្លិបធំៗនៅតំបន់អឺរ៉ុប។ លោក Emery ក៏ជាអធិរាជឈ្នះពានរង្វាន់ Europa League ជាមួយក្លិបជាច្រើន ដូច្នេះបើ Man Utd យកបានអ្នកចាត់ការរូបនេះ ក៏ជារឿងល្អមួយផងដែរ។
៥-លោក Xabi Alonso
វីរបុរស Real Madrid រូបនេះកំពុងធ្វើបានល្អខ្លាំងមែនទែនជាមួយក្លិបអាល្លឺម៉ង់ Leverkusen ដោយដឹកនាំក្រុមនេះឈរនៅកំពូលតារាង Bundesliga តែម្ដង ខណៈក្លិបធំៗជាច្រើនសុទ្ធតែស្រមៃចង់បានគ្រូបង្វឹកថ្មីថ្មោងរូបនេះ។
៤-លោក Roy Keane
វីរបុរសរបស់ Man United រូបនេះមិនដែលកាន់តួនាទីជាគ្រូបង្វឹកចាប់តាំងពីការចាកចេញពីក្លិប Ipswich កាលពីឆ្នាំ២០១១មកម្លេះ។ ដោយភាគច្រើនលោកធ្វើត្រឹមតែជាជំនួយការអ្នកចាត់ការប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាលោកក៏អាចមានឱកាសដឹកនាំអតីតក្លិបរបស់លោកផងដែរ។
៣-លោក Graham Potter
ក្រោយពីត្រូវបណ្ដេញចេញពីក្លិបតោខៀវ Chelsea មក លោក Potter មិនទាន់មានការងារធ្វើនៅឡើយទេ។ ហើយបើតាមសមត្ថភាពរបស់លោក Potter ពិតជាស័ក្តិសមក្នុងការមកដឹកនាំនៅ Man Utd ជំនួសលោក Ten Hag។
២-លោក Antonio Conte
បើនិយាយពីលោក Conte វិញ អ្នកគាំទ្រ Man Utd ប្រហែលជាចង់បានលោកមកដឹកនាំខ្លាំងណាស់។ លើកលែងតែ Spurs តែមួយប៉ុណ្ណោះ ក្រៅពីនេះលោកដឹកនាំក្លិបណាក៏ទទួលបានជោគជ័យដែរ ដូច្នេះ Man Utd មិនស្ទាក់ស្ទើនោះទេក្នុងការជះលុយយកគ្រូបង្វឹកអ៊ីតាលីរូបនេះមកដឹកនាំ។
១-លោក Zinedine Zidane
គ្រាន់តែលឺឈ្មោះលោក Zidane អ្នកគាំទ្របីសាចក្រហមក៏រំភើបមិនស្ទើរនោះដែរ ប៉ុន្តែជារ៉ើយៗនៅពេលដែលក្លិបជួបបញ្ហា តែងតែផ្សាភ្ជាប់ជាមួយកំពូលវីរបុរសបារាំងរូបនេះជានិច្ច។ ទោះបីជាបទពិសោធន៍លោកមិនច្រើនក៏ពិតមែន ប៉ុន្តែលោក Zidane ពិតជាជោគជ័យខ្លាំងណាស់ ដោយជួយឱ្យ Real Madrid ឈ្នះពាន Champions League ៣លើកជាប់ៗគ្នា និងពានរង្វាន់ជាច្រើនផ្សេងទៀត។ ដូច្នេះគ្មានការសង្ស័យនោះទេ Man Utd នឹងស្វាគមន៍លោកគ្រប់ពេលវេលា ឱ្យតែលោកយល់ព្រមមកដឹកនាំនៅ Man Utd៕ ដោយ៖ តារា