
Raphael Varane ចង់ចាកចេញពីក្លិប Manchester United ខណៈដែលខ្សែការពាររូបនេះសង្ឃឹមថានឹងអាចជួបជុំម្ដងទៀតជាមួយអតីតមិត្តរួម Cristiano Ronaldo នៅក្លិប Al-Nassr ។
Varane ត្រូវបានមន្ត្រីអារ៉ាប៊ីសាអូឌីតទាក់ទងទៅលើសំណើផ្ទេរទៅកាន់ក្លិប Al Nassr កាលពីរដូវក្តៅកន្លងទៅ។ Man United បានទទួលការទាក់ទងពីប្រធានលីគបាល់ទាត់អារ៉ាប៊ីសាអូឌីតសម្រាប់ការផ្ទេរ Varane ក៏ដូចជា Casemiro ផងដែរ។ អនាគតរបស់កីឡាករបារាំងខាងលើនៅតែមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍មួយចំនួនបានបង្ហាញថា ខ្សែការពារបារាំងរូបនេះអាចនឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅក្រោយ។
បើយោងតាមវែបសាយ Football Transfers បានអះអាងថាកីឡាករវ័យ ៣០ឆ្នាំចង់ផ្លាស់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីប្រមូលលុយនៅប៉ុន្មានឆ្នាំចុងក្រោយនៃអាជីពដ៏អស្ចារ្យរបស់គាត់។ Casemiro ក៏ត្រូវបាន Al-Nassr របស់ Ronaldo ទាក់ទងផងដែរ ប៉ុន្តែ Man United បានបដិសេធក្នុងការលក់កីឡាករវ័យ ៣១ឆ្នាំរូបនេះ។ ម្យ៉ាងវិញទៀត Varane បានផ្លាស់ប្តូរជំហររបស់គាត់ ដោយធ្លាប់បង្ហាញពីបំណងរបស់គាត់ក្នុងការបន្តនៅ Man United ។
ខ្សែការពារបារាំងរូបនេះ ធ្លាប់បានបដិសេធសំណើររបស់ក្លិប Al Ittihad របស់ Benzema ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែឥឡូវនេះ Varane បានផ្លាស់ប្តូរចិត្តហើយ បន្ទាប់ពីក្រុម Man Utd ធ្លាក់ទម្រង់លេងអាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ៦០ឆ្នាំមកនេះ។
គេជឿថាអតីតតារារបស់ក្លិប Real Madrid សង្ឃឹមថានឹងភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលជាលើកទី៣ ក្នុងអាជីពរបស់គាត់។ Varane ស្ថិតក្នុងរដូវកាលទី៣ នៅ Man United បន្ទាប់ពីការផ្ទេររបស់គាត់ពីក្លឹបយក្សនៃក្របខណ្ឌ La Liga ក្នុងឆ្នាំ២០២១។
Varane បានលេង ៧២ប្រកួតឱ្យក្លឹបបីសាចក្រហម ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ និងបានជួយឱ្យក្រុមឈ្នះពានរង្វាន់ Carabao Cup កាលពីរដូវកាលមុន។ Al-Nassr បានធ្វើឱ្យកក្រើកពិភពលោក ក្រោយពីនាំយក Cristiano Ronaldo បន្ទាប់ពីកិច្ចសន្យារបស់គាត់ត្រូវបានលុបចោលនៅ Man Utd ក្នុងឆ្នាំ២០២១ ក្រោយពីមានរឿងអាស្រូវជាមួយក្លិប។ ហើយគេក៏ជឿថា Varane ក៏អាចនឹងចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់សារជាថ្មីម្ដងទៀតផងដែរ៕ ដោយ៖ តារា