
Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទីប្រាំបីនៅក្នុងអាជីពរបស់គាត់ ខណៈខ្សែប្រយុទ្ធរូបនេះបានទម្លាយអារម្មណ៍មួយជាមួយក្លិប Barcelona។
បន្ទាប់ពីត្រូវបានប្រកាសជាថ្មីម្តងទៀតថា ជាកីឡាករល្អបំផុតនៅលើភពផែនដី កីឡាករបាល់ទាត់អាហ្សង់ទីនបានផ្តល់បទសម្ភាសន៍ដល់ម្ចាស់កម្មវិធីគឺការសែត France Football ដែលក្នុងនោះកំពូលខ្សែប្រយុទ្ធរូបនេះនិយាយអំពីអាជីពរបស់គាត់ ការឈ្នះបាល់ទាត់ពិភពលោក World Cup នាពេលថ្មីៗនេះ ជាមួយអាហ្សង់ទីន និងទំនាក់ទំនងរបស់គាត់ជាមួយ Barcelona រួមជាមួយរឿងរ៉ាវជាច្រើនផ្សេងទៀត។
ជាមួយគ្នានេះ Messi មិនហ៊ានអះអាងថានឹងមានវត្តមាននៅ World Cup 2026 ដែលអាមេរិក ម៉ិកស៊ិក និងប្រទេសកាណាដា រៀបចំធ្វើជាម្ចាស់ផ្ទះនោះទេ ប៉ុន្តែឱកាសនៅតែមាន ដោយបានលើកឡើងថា៖ “នៅពេលនោះខ្ញុំនឹងមានអាយុ ៣៩ឆ្នាំ វាហាក់ដូចជាពិបាក ប៉ុន្តែយើងនឹងឃើញពីអារម្មណ៍របស់ខ្ញុំ”។
Messi បាននិយាយពីក្លឹបយក្សអេស្ប៉ាញដែលជាផ្ទះទី២ របស់គាត់អស់រយៈពេលជាច្រើនឆ្នាំគឺ Barcelona ដោយនិយាយអំពីពាក្យចចាមអារ៉ាមនៃការវិលត្រឡប់របស់គាត់ទៅកាន់អតីតក្លឹប បន្ទាប់ចាកចេញពីក្លិបបារាំង PSG ថា៖ “ខ្ញុំអាចត្រលប់ទៅ Barcelona វិញ ប៉ុន្តែវាមិនបានកើតឡើងទេ។ គំនិតដំបូងរបស់ខ្ញុំគឺតែងតែត្រលប់ទៅផ្ទះវិញ ដើម្បីអាចលេងនៅ Barcelona ម្តងទៀត ហើយចូលនិវត្តន៍នៅទីនោះតែម្ដង ដូចដែលខ្ញុំតែងតែស្រមៃ។ ប៉ុន្តែវាមិនអាចទៅរួចទេ”។
Messi ក៏បានគូសបញ្ជាក់ផងដែរថា៖ “នៅពេលដែលអាជីពបាល់ទាត់របស់ខ្ញុំបានបញ្ចប់ យើងនឹងត្រលប់ទៅ Barcelona វិញ។ វាគឺជាផ្ទះរបស់យើង យើងមានមិត្តភក្តិ ហើយទម្លាប់រស់នៅទីនោះទៅហើយ។ មិនថាជាប្រពន្ធរបស់ខ្ញុំ កូនៗ ឬខ្ញុំនោះទេ។ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំនឹងធ្វើអ្វីនៅពេលនេះទេ។ ខ្ញុំមិនទាន់គិតពីរឿងនេះទេ ហើយក៏មិនចង់គិតដែរ”។
គួររម្លឹកជូនថា វីរបុរសរបស់ក្លឹប Barcelona រូបនេះបានឈ្នះពានរង្វាន់ Ballon d’Or លើកទី៨ របស់គាត់កាលពីចុងខែតុលាកន្លងទៅនេះក្នុងទីក្រុងប៉ារីស បន្ទាប់ពីបានដឹកនាំក្រុមអាហ្សង់ទីនគ្រងតំណែងជើងឯកពានរង្វាន់ World Cup នៅប្រទេសកាតាកាលពីឆ្នាំ២០២២។ ក្នុងជោគជ័យនេះ Messi បាននាំមុខគេនៅលើកំពូលតារាង Ballon d’Or គ្រប់សម័យកាល ដោយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានវ៉ាដាច់គូប្រជែងដ៏ស្វិតស្វាញបំផុតរបស់គាត់គឺ Cristiano Ronaldo ចំនួន ៣ ពានឯណោះ៕ ដោយ៖ តារា