
ក្នុងនាមជាកីឡាករបាល់ទាត់មិនមែនសុទ្ធតែមានគេស្រឡាញ់ទាំងអស់នោះទេ ដូចពាក្យចាស់តែងនិយាយថា មនុស្សម្នាក់មិនអាចគាប់ចិត្តមនុស្សគ្រប់គ្នាបាននោះទេ។ កត្តាដែលធ្វើឱ្យកីឡករមួយចំនួនត្រូវបានគេស្អប់ជាងគេជាងឯងនោះ គឺដោយសារតែអត្តចរិតក្អេងក្អាង ចូលចិត្តប្រើហឹង្សា និងចូលចិត្តបង្កជម្លោះក្នុងការប្រកួតជាជើម។ ហើយថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់កីឡាករកំពូលចំនួន ១០រូបដែលមានគេស្អប់ច្រើនបំផុតនៅក្នុងពិភពបាល់ទាត់៖
១០-កីឡាករ El-Hadji Diouf
El-Hadji Diouf គឺជាកីឡាករបាល់ទាត់ដែលគ្មានប្រជាប្រិយភាពសោះតែម្ដង។ គាត់ត្រូវបានគេស្គាល់ថា មានបុគ្គលិកលក្ខណៈក្រអឺតក្រទម និងតែងតែនិយាយរឿងផ្ដេសផ្ដាសជាច្រើន។ ខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់បង្កជម្លោះជាច្រើននៅលើទីលានផងដែរ ដូចជាការស្ដោះទឹកមាត់ដាក់អ្នកគាំទ្រ និងគូប្រកួតជាដើម។
៩-កីឡាករ Ashley Cole
Ashley Cole គឺជាខ្សែការពារឆ្វេងដ៏អស្ចារ្យបំផុតគ្រប់ពេលវេលារបស់អង់គ្លេស ប៉ុន្តែគាត់ត្រូវបានគេស្គាល់ផងដែរថា ជាកីឡាករមានជីវិតផ្ទាល់ខ្លួនដ៏ចម្រូងចម្រាសបំផុត។ អតីតកីឡាករ Chelsea រូបនេះបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជាច្រើន រួមទាំងទំនាក់ទំនងស្នេហារបស់គាត់ជាមួយប្រពន្ធរបស់ Wayne Rooney ផងដែរ។
៨-កីឡាករ Dani Alves
Dani Alves គឺជាកីឡាករបាល់ទាត់ម្នាក់ដែលជោគជ័យបំផុត ប៉ុន្តែគាត់ក៏ត្រូវបានគេស្គាល់ថាជាកីឡាករមានគេស្អប់ច្រើនផងដែរ។ Alves បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើន រួមទាំងករណីរំលោភបំពានកាលពីឆ្នាំ២០២២ កន្លងទៅ ដែលធ្វើឱ្យតារាប្រេស៊ីលរូបនេះជាប់ក្នុងពន្ធនាគារជាច្រើនខែផងដែរ។
៧-កីឡាករ Mario Balotelli
Mario Balotelli ជាកីឡាករបាល់ទាត់ដ៏មានទេពកោសល្យម្នាក់ ប៉ុន្តែហាក់មិនជោគជ័យនៅក្នុងអាជីពនោះទេ ព្រោះតែសម្បូររឿងអាស្រូវពេក។ Balotelli ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានអាកប្បកិរិយាបំផុតទាំងក្នុងនិងក្រៅទីលាន។
៦-កីឡាករ Zlatan Ibrahimovic
នរណាដែលថា មិនស្គាល់ Zlatan Ibrahimovic ដែលមានរហ្ស័សនាមថា លោកព្រះនោះ ប៉ុន្តែគាត់ក៏ជាកីឡាករម្នាក់ដែលក្រអឺតក្រទមបំផុតផងដែរ។ ភាគច្រើនគេស្គាល់ខ្សែប្រយុទ្ធរូបនេះតាមរយៈ ការផ្ដល់បទសម្ភាស៍ ដែលភាគច្រើនរូបគេតែងតែវាយប្រហារទៅលើមិត្តរួមក្រុម គ្រូបង្វឹក ក្លិប ឬគូប្រជែងជាដើម ដោយរិះគន់មិនសន្សំចៃមាត់នោះទេ ទើបធ្វើឱ្យលោកព្រះ Zlatan មានអ្នកស្អប់មិនតិចនោះទេ។
៥-កីឡាករ Luis Suarez
Luis Suarez គឺជាខ្សែប្រយុទ្ធល្អបំផុតមួយនៅលើពិភពលោក ជាពិសេសអំឡុងលេងនៅក្លិបយក្សអេស្ប៉ាញ Barcelona ប៉ុន្តែរឿងមួយដែលគេចាំមិនភ្លេចពីខ្សែប្រយុទ្ធអ៊ុយរ៉ូហ្គាយរូបនេះ គឺអំឡុងការប្រកួត World Cup ឆ្នាំ២០១៤ នៅប្រេស៊ីល ដែលពេលនោះរូបគេបានខាំស្មាខ្សែការពារអ៊ីតាលី Giorgio Chiellini រួមទាំងរឿងផ្សេងៗជាច្រើនទៀត។
៤-កីឡាករ Pepe
Pepe គឺជាខ្សែការពារម្នាក់ដែលត្រូវបានគេស្គាល់ថា កាចបំផុតនៅលើពិភពលោក ហើយបើនិយាយពីកាតក្រហមវិញទទួលបានមិនតិចនោះទេ។ Pepe គឺជាកីឡាករឆេវឆាវ និងឆាប់ខឹងបំផុត ជាពិសេសអំឡុងពេលលេងនៅ Real Madrid ដោយតែងតែមានមានបញ្ហាជាមួយ Lionel Messi និងកីឡាករ Barcelona ជានិច្ច។
៣-កីឡាករ Sergio Ramos
បើនិយាយពី Sergio Ramos ក៏មិនចាញ់ Pepe ប៉ុន្មាននោះដែរ ហើយអ្នកទាំងពីរធ្លាប់ជាមិត្តរួមក្រុមនឹងគ្នាទៀតផងកាលពីនៅ Real Madrid ហើយក្រុមណាឱ្យតែប៉ះហើយដឹងតែទួកសាច់ហើយ។ Ramos កំពុងកាន់កំណត់ត្រាជាកីឡាករទទួលបានកាតក្រហមច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ រឿងមួយដែលគេចាំមិនភ្លេចនោះគឺ Ramos បានធ្វើឱ្យ Mohamed Salah របួសស្មាធ្ងន់ធ្ងរក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ២០១៨។
២-កីឡាករ Neymar
បើនិយាយពី Neymar ពិតជាមានអ្នកគាំទ្រច្រើនណាស់ ដោយសារតែទេពកោសល្យកម្ររបស់តារាប្រេស៊ីលរូបនេះ ប៉ុន្តែបើនិយាយពីអ្នកស្អប់ក៏មានមិនតិចនោះដែរ។ កត្តាដែលធ្វើឱ្យ Neymar មានអ្នកមិនចូលចិត្តច្រើននោះគឺ ដោយសារតែរូបគេចូលចិត្តធ្វើពុតដួលរមួលសំគ្រិចឥតល្ហែអំឡុងពេលប្រកួត និងរឿងជាច្រើនទៀត។
១-កីឡាករ Cristiano Ronaldo
នៅពេលលោកអ្នកឮឈ្មោះ Cristiano Ronaldo ម្នាក់ៗអាចនឹងភ្ញាក់ផ្អើល ហើយបើអ្នកគាំទ្រគាត់វិញអាចនឹងជេរពួកយើងហើយ ដែលលើកឈ្មោះកំពូលខ្សែប្រយុទ្ធរូបនេះក្នុងបញ្ជីមានគេស្អប់ច្រើនបំផុត។ Ronaldo គឺជាកីឡាករបាល់ទាត់ម្នាក់ដែលជោគជ័យបំផុតគ្រប់ពេលនៅលើពិភពលោក និងមានមតិខ្លះលើកគាត់ជា GAOT ថែមទៀតផង។ Ronaldo គឺជាគូប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតតែម្នាក់គត់របស់ Messi ក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ។ ដោយសារតែជាគូប្រកួតប្រជែងជាមួយ Messi នេះហើយ ទើបធ្វើឱ្យ Ronaldo មានអ្នកស្អប់ច្រើនបំផុត បូករួមជាមួយកត្តាមួយចំនួនផ្សេងទៀតដូចជា អត្តចរិត ភាពឆេឆាវ និងភាពអាត្មានិយមជាដើម៕ ដោយ៖ តារា