
Real Madrid លែងមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kylian Mbappe ទៀតហើយ ទោះបីជាគាត់ចាកចេញពី Paris Saint-Germain លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយក៏ដោយ។
ប្រភព CadenaSER បានអះអាងថា Mbappe គឺជាគោលដៅផ្ទេរដ៏សំខាន់របស់ក្លិប Real Madrid ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែពួកគេបានសម្រេចចិត្តបញ្ចប់ចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធបារាំងខាងលើហើយ។ ក្លឹបយក្សរបស់អេស្ប៉ាញ បានចាត់ទុកការព្យាយាមអស់រយៈពេលជាយូរណាស់មកហើយនោះត្រូវបានបញ្ចប់ហើយ ហើយពួកគេនឹងមិនព្យាយាមនាំយកកីឡាករវ័យក្មេងរូបនេះមកកាន់កីឡដ្ឋាន Santiago Bernabeu ជាថ្មីម្ដងទៀតនោះឡើយ។
កិច្ចសន្យារបស់ Mbappe នៅ PSG នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែក្លឹបសង្ឃឹមថានឹងជៀសវាងការបាត់បង់គ្រាប់ពេជ្ររបស់ពួកគេដោយឥតគិតថ្លៃ ជាមួយនឹងការបន្តកុងត្រាថ្មីបន្ថែមទៀត។ របាយការណ៍បានអះអាងថា ទោះបីជា Mbappe សម្រេចចិត្តចាកចេញក៏ដោយ ក៏ Real Madrid នឹងមិនទាក់ទងឡើយដោយហេតុផលបីយ៉ាង។ ទី១ គឺខ្សែប្រយុទ្ធរូបនេះនឹងទាមទារយ៉ាងហោចណាស់ ២០លានអឺរ៉ូក្នុងមួយឆ្នាំនៅ Real Madrid និងប្រាក់រង្វាន់ដ៏ធំផ្សេងទៀត ប្រសិនបើគាត់ចូលរួមដោយឥតគិតថ្លៃ។
ហេតុផលមួយទៀតគឺអាយុរបស់គាត់។ Mbappe នឹងមានអាយុជិត ២៦ឆ្នាំទៅហើយ នៅពេលដែលគាត់បានចូលរួមជាមួយ Real Madrid ហើយក្លឹបចាប់អារម្មណ៍នឹងការចុះហត្ថលេខាលើកីឡាករនៅក្មេងដូចករណី Eduardo Camavinga, Aurelien Tchouameni និងខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Endrick ដែលនឹងមកលេងឱ្យក្លិបស្ដេចសនៅរដូវកាលក្រោយ។ ចំណែកឯទី៣ គឺកិច្ចសន្យាដ៏ធំដែល PSG បានចុះហត្ថលេខាលើគាត់ក៏បានបង្កឱ្យមានការព្រួយបារម្ភខ្លះៗដែរនៅ Real Madrid ដោយក្លឹបខ្លាចការចំណាយច្រើនលើកីឡាកររូបនេះ នឹងធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្ត និងបង្កបញ្ហាសេដ្ឋកិច្ចដល់ក្លិប។
Real Madrid បានព្យាយាមជាច្រើនដងណាស់មកហើយ ដើម្បីចុះហត្ថលេខាលើ Mbappe ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយនៅរដូវក្តៅឆ្នាំ២០២២ ដែលការផ្ទេរប៊ិះនឹងកើតឡើងទៅហើយនោះ បែរជា Mbappe ផ្លាស់ប្ដូរចិត្តភ្លាមៗ ដោយសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយក្លិបអ្នកមានបារាំង PSG ជំនួសវិញ ជាមួយកិច្ចសន្យាដ៏ពិសេសពិសាលមួយ។
បន្ទាប់មក នៅឆ្នាំ២០២៣នេះ Mbappe បានបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្លិបយក្សបារាំង ដែលជាលទ្ធផល PSG បានដកឈ្មោះខ្សែប្រយុទ្ធឆ្នើមរូបនេះ ចេញពីក្រុមសម្រាប់ការប្រកួត Pre-Season របស់ពួកគេ។ ប្រភពបានរាយការណ៍ទៀតថា Mbappe បានយល់ព្រមចុះហត្ថលេខាជាមួយទឹកដី Santiago Bernabeu ប៉ុន្តែ Real Madrid បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនដោយនិយាយថាពួកគេមិនមានការចរចាណាជាមួយ Mbappe នោះទេ៕ ដោយ៖ វិទូ