
មេម៉ាហ្វាម្នាក់បានទម្លាយថា ផ្ទះបុគ្គលល្បីៗ លើកលែងតែផ្ទះតារាបាល់ទាត់ Lionel Messi ម្នាក់ប៉ុណ្ណោះដែលខ្លួនមិនចូលទៅលួច។
ការសែតអេស្ប៉ាញបានធ្វើបទសម្ភាសន៍ជាមួយ មេបងធំនៃក្រុមម៉ាហ្វីយ៉ាអាល់បានី-កូសូវ៉ារ ដែលបានធ្វើការប្លន់ផ្ទះរបស់បុគ្គលល្បីៗជាច្រើនអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ មេម៉ាហ្វានេះត្រូវបានគេជឿជាក់ថា មានកូនចៅជាង ១០០នាក់ឯណោះ ក្រោមការគ្រប់គ្រងរបស់គាត់នៅពេលនេះ។
មេម៉ាហ្វាដែលគេមិនបញ្ចេញឈ្មោះមិនបញ្ចេញមុខរូបនេះ បាននិយាយតាមរយៈកម្មវិធី Y Ahora Sonsoles ថា៖ “ខ្ញុំជាអ្នកប្លន់ផ្ទះរបស់ Cristiano Ronaldo នៅប្រទេសព័រទុយហ្គាល់។ ខ្ញុំគឺជាអ្នកដែលបានប្លន់លោក Johan Cruyff នៅទីក្រុងបាសេឡូណា”។
មេក្រុមបងធំរូបនេះបានរៀបរាប់ទៀតថា៖ “នៅទីនោះ ខ្ញុំបានយកនាឡិកាដៃដែលជាកម្មសិទ្ធិរបស់លោក Dennis Bergkamp ហើយរបស់ខ្លះគឺម៉ាក់ Hermes… និងប្រាក់ប្រហែល ២០,០០០អឺរ៉ូ។ វាជាផ្ទះលំហែរ ដូច្នេះវាមិនមានកាមេរ៉ាសុវត្ថិភាព ឬសំឡេងរោទិ៍ទេ។ ពេលខ្ញុំចូល ខ្ញុំបានដឹងថា តើវាជាផ្ទះរបស់អ្នកណា។ យើងក៏នៅពីក្រោយការប្លន់ Cristiano Ronaldo នៅទីក្រុងម៉ាឌីរ៉ាផងដែរ ប៉ុន្តែការលួចនោះមិនគួរឲ្យចាប់អារម្មណ៍ទេ”។
មេក្រុមចោររូបនេះក៏បានទម្លាយដែរថា ពួកគេមានឱកាសចូលទៅប្លន់ផ្ទះរបស់ម្ចាស់ពានរង្វាន់ Ballon d’or ៨សម័យកាល គឺកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅទីក្រុងបាសេឡូណា និងថែមទាំងនៅទីក្រុងប៉ារីសផងដែរ។ ប៉ុន្តែមេម៉ាហ្វារូបនេះ បានបញ្ជាក់គួរឱ្យភ្ញាក់ផ្អើលថា Messi ជា Idol របស់ខ្លួន ដូច្នេះពួកគេមិនចូលលួចនោះទេ។
មេម៉ាហ្វារូបនេះបាននិយាយទៀតថា៖ “ខ្ញុំបានបញ្ឈប់ក្រុមចោរដែលចង់ឆ្មក់ចូលផ្ទះ Messi ប្រហែលចំនួនពីរបីដង។ ខ្ញុំបានធ្វើវា ហើយខ្ញុំមានមោទនភាព។ ដោយការគោរពចំពោះ Messi ខ្ញុំមិនបានធ្វើវាទេ។ ដោយសារតែខ្ញុំស្រលាញ់គាត់”។
វាពិតជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនេះបានបង្ហាញពីឥទ្ធិពលរបស់ Messi មិនត្រឹមតែនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែនៅខាងក្រៅទីលានក៏មិនធម្មតាដែរ។ សូម្បីតែក្រុមបងធំសង្គមងងឹត ក៏គោរពស្រឡាញ់កំពូលតារាបាល់ទាត់រូបនេះផងដែរ ខណៈបច្ចុប្បន្ន Messi កំពុងរស់នៅជាមួយក្រុមគ្រួសាររបស់គាត់នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយផ្លាស់ទៅលេងឱ្យក្លិប Inter Miami៕ ដោយ៖ តារា