💵តើ Ronaldo រកបានប៉ុន្មានហើយនៅអារ៉ាប៊ីសាអូឌីត ចាប់តាំងចាកចេញពី Man Utd មក?

15658
  • Cristiano Ronaldo កំពុងរីករាយនឹងអាជីពចុងក្រោយរបស់គាត់នៅក្របខណ្ឌ Saudi Pro League ក្រោយចាកចេញពីក្លិប Manchester United។
    ម្ចាស់ពាន Ballon d’Or ប្រាំសម័យកាលរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ១៧៧លានផោនក្នុងមួយឆ្នាំជាមួយក្រុម Al Nassr របស់លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត។ ការផ្ទេរនេះត្រូវបានបញ្ជាក់នៅថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីកិច្ចសន្យារបស់ Ronaldo ជាមួយក្រុម Manchester United ត្រូវបានបញ្ចប់ ក្រោយមិនបានលេងសោះក្រោមការដឹកនាំរបស់លោក Erik ten Hag ។ បញ្ហាដោយគ្មានក្លិបណាមួយនៅអឺរ៉ុបចង់បាន ទើបជម្រុញឱ្យកីឡាករជើងចាស់រូបនេះ ចុះហត្ថលេខាទៅលេងនៅអារ៉ាប៊ីសាអូឌីត ដែលជាលីគលំដាប់ទាបមិនសូវល្បីល្បាញ។
    ក្រោយ Ronaldo មកលេងនៅតំបន់អាស៊ីយើងនេះ បានធ្វើឱ្យកីឡាករល្បីៗជាច្រើនដូចជា Neymar, Sadio Mane, Roberto Firmino, Karim Benzema, Jordan Henderson, Riyad Mahrez, Allan Saint-Maximin និង Ruben Neves សុទ្ធតែនាំគ្នាមកលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អារ៉ាប៊ីសាអូឌីត។ ប៉ុន្តែបើទោះបីជាពួកគេទទួលបានប្រាក់ឈ្នួលខ្ពស់ៗយ៉ាងណាក៏ដោយ ប៉ុន្តែគ្មានកីឡាករណាម្នាក់មានប្រាក់ឈ្នួលច្រើនដូច Ronaldo នោះឡើយ។
    Ronaldo រកបានប្រហែល ៣,៤០៣,៨៤៦ផោន ឬប្រមាណ ៤,១៧៧,៨៨០ក្នុងមួយសប្តាហ៍ពីក្លិប Al Nassr។ ដោយគិតមកទល់ពេលនេះ វាបានមួយឆ្នាំហើយនៃការមកដល់របស់ Ronaldo ហើយបើគិតទៅកីឡាករវ័យ ៣៨ឆ្នាំរូបនេះឥឡូវរកប្រាក់បានប្រហែល ១៥៣លានផោន ឬប្រមាណ ១៨៨លានដុល្លារហើយ។
    កីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ Real Madrid រូបនេះគឺជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។ តួលេខខាងលើគ្រាន់តែជាប្រាក់ទទួលបានពីថ្លៃឈ្នួលនៅក្លិប Al-Nassr ប៉ុណ្ណោះ ស្របពេល Ronaldo បានកើបលុយជាច្រើនសន្ធឹកសន្ធាប់ទៀតទាំងនៅក្នុង និងខាងក្រៅទីលាន។
    Cristiano Ronaldo ស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ក្នុងការបង្ហាញខ្លួន ៤២លើកសម្រាប់ក្លិប Al-Nassr គិតមកទល់ពេលនេះ ស្របពេលពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងលីគកំពូលអារ៉ាប៊ីសាអូឌីតរដូវកាលនេះ ខណៈ Ronaldo ក៏កំពុងឈរនៅកំពូលតារាង Top-Scorer ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី