
របាយការណ៍នៅប្រទេសអារ៉ាប៊ីសាអូឌីតបានអះអាងថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA កំពុងពិចារណាអញ្ជើញក្លិប Al Nassr របស់ Cristiano Ronaldo ទៅលេងក្នុងពានរង្វាន់ Champions League នៅរដូវកាលក្រោយ។
កាលពីសប្តាហ៍មុន Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី ១៣ នៅក្នុងក្របខណ្ឌ Saudi Pro League នារដូវកាលនេះ ខណៈដែលក្រុម Al Nassr បានផ្តួលក្រុម Al Wehda ក្នុងលទ្ធផល ៣-១ ដោយធ្វើឱ្យពួកគេនៅក្រោមក្រុមកំពូលតារាង Al Hilal ចំនួនត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះ។ ខណៈពេលដែលម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យ ស្ថិតក្នុងទម្រង់ល្អដ៏ល្អនៅរដូវកាលនេះ បើទោះបីជាគាត់មិនលេងនៅតំបន់អឺរ៉ុបទៀតក៏ដោយ។
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Ali Al-Harbi បានអះអាងថា UEFA កំពុងពិចារណាអញ្ជើញក្លិបអារ៉ាប៊ីសាអូឌីត Al Nassr ឱ្យចូលរួមការប្រកួត Champions League សម្រាប់រដូវកាល២០២៤/២០២៥។ យោងតាមអ្នកសារព័ត៌មានខាងលើបានបង្ហាញហេតុផលដែល UEFA គ្រោងអញ្ជើញក្លិបអារ៉ាប៊ីសាអូឌីតនេះ គឺដោយសារ Al Nassr ត្រូវបានគេចាត់ទុកថា ជាក្លឹបល្បីបំផុតទាំងបីក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយមានប្រជាប្រិយយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រនៅតំបន់អឺរ៉ុប។
ជាការពិតណាស់ Ronaldo គឺជាកីឡាករដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងប្រវត្តិសាស្ត្រ Champions League ដែលនេះធ្វើឱ្យ Al Nassr ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ កីឡាករអន្តរជាតិព័រទុយហ្គាល់ ដែលបានឈ្នះពានរង្វាន់ Champions League ចំនួន ៥ ដង ក៏កំពុងកាន់កំណត់ត្រាជាកីឡាករបង្ហាញខ្លួន និងស៊ុតបញ្ចូលទីបានច្រើនជាងកីឡាករផ្សេងទៀត នៅក្នុងប្រវត្តិសាស្ត្រពានអឺរ៉ុបនេះ។
មិនត្រឹមតែកាន់កំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League ចំនួន ៧ រដូវកាលប៉ុណ្ណោះទេ Ronaldo ក៏បានស៊ុតបញ្ចូលទីបានចំនួន ៦៧ គ្រាប់នៅក្នុងការប្រកួតវគ្គជម្រុះតាមពូល, ស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រចំនួន ៣គ្រាប់ និងក៏ជាកីឡាករតែមួយគត់ដែលបានស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Champions League ចំនួន ១១ ប្រកួតជាប់ៗគ្នាផងដែរ ដែលសុទ្ធសឹងតែជាកំណត់ត្រាពិបាកមានកីឡាករណាផ្សេងទៀតអាចធ្វើបានដូច។
គួរឱ្យដឹងផងដែរថា នៅរដូវកាលក្រោយនេះ UEFA បានកែប្រែទម្រង់ប្រកួតថ្មី ដោយវគ្គចែកពូល Champions League នឹងត្រូវលុបចោលដែលមាន ៣២ក្រុម ហើយផ្ទុយទៅវិញ ក្រុមចំនួន ៣៦ នឹងស្ថិតក្នុងតារាងតែមួយ។ ក្រុមកំពូលទាំង៨ នៅក្នុងតារាងនោះ នឹងឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ខណៈក្រុមដែលមានចំណាត់ថ្នាក់លេខ៩ ដល់ទី២៤ នឹងត្រូវលេងវគ្គ Playoff ដើម្បីរក ៨ក្រុមទៀតឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ខណៈចំណាត់ថ្នាក់លេខ២៥ ដល់លេខ៣៦ នឹងត្រូវធ្លាក់ចេញពីការប្រកួតពានលំដាប់ទី១ ទ្វីបអឺរ៉ុបនេះ៕ ដោយ៖ តារា