ក្រោយរងការរិះ.គ.ន់ចា.ស់ដៃ! Ramos ប្រាប់ពីមូលហេតុដែលមិនចុះហត្ថលេខាលើអាវ R.Madrid ហើយ

13438
  • Sergio Ramos បានពន្យល់ពីមូលហេតុដែលគាត់មិនចុះហត្ថលេខាលើអាវក្លិប Real Madrid សម្រាប់អ្នកគាំទ្រ ទោះបីជាបានចុះហត្ថលេខាលើអាវរបស់ក្លិប Sevilla និង Paris Saint-Germain ក៏ដោយ។
    Sergio Ramos ដែលបានចូលរួមជាមួយក្លឹបកុមារភាពរបស់គាត់គឺ Sevilla ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ក្រោយពីចាកចេញពីក្លិបអ្នកមានបារាំង PSG កាលពីចុងបញ្ចប់រដូវកាលមុន។ ប៉ុន្តែខ្សែការពារជើងចាស់រូបនេះ ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃចំពោះវីដេអូដែលបែកធ្លាយនៅលើបណ្ដាញសង្គម ដោយនៅក្នុងវីដេអូនោះគាត់បដិសេធមិនចុះហត្ថលេខាលើអាវ Real Madrid ដែលជាអតីតក្លិបជោគជ័យបំផុតនៅក្នុងអាជីពរបស់គាត់។
    ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញវ័យ ៣៧ឆ្នាំរូបនេះ ត្រូវបានគេបង្ហោះនៅក្នុងវីដេអូមួយដែលអ្នកគាំទ្រស្ទាក់ឡានរបស់លោក ដើម្បីសុំហត្ថលេខារបស់កំពូលកីឡាកររូបនេះ។ នៅក្នុងវីដេអូនោះ Ramos បានចុះហត្ថលេខាលើអាវ Sevilla និង Paris Saint-Germain ប៉ុន្តែបដិសេធមិនចុះហត្ថលេខាលើអាវអតីតក្លិប Real Madrid របស់គាត់ទៅវិញ។ ទង្វើនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនរិះគន់ខ្សែការពាររូបនេះថាជាក្រពើវង្វេងបឹង បានក្លិបថ្មីភ្លេចក្លិបដែលផ្ដល់ភាពជោគជ័យដល់ខ្លួន។
    ខ្សែការពារជើងចាស់រូបនេះ បានសម្រេចចិត្តទម្លាយប្រាប់ពីទង្វើរបស់គាត់នេះ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះអាកប្បកិរិយារបស់គាត់ថា៖ “មុនពេលដែលខ្ញុំបដិសេធមិនចុះហត្ថលេខាលើអាវនោះ ខ្ញុំបានចុះហត្ថលេខាលើអាវ Real Madrid ប្រហែលប្រាំមួយរួចទៅហើយ។ ពួកគេចង់បានហត្ថលេខាទាំងនោះយកវាទៅលក់នៅលើអ៊ីនធឺណិត”។
    ដោយសារកត្តានេះហើយ ទើបតារាអេស្ប៉ាញខាងលើមិនចុះហត្ថលេខាលើអាវ Real Madrid នោះ។ Sergio Ramos មិនចង់ឱ្យមានក្នុងការលក់អាវដែលមានហត្ថលេខារបស់តារាល្បីៗខុសច្បាប់នៅលើអ៊ីនធឺណិតនោះទេ ដោយសារគាត់ជឿថាទង្វើបែបនេះធ្វើឱ្យខូចឈ្មោះដល់អ្នកគាំទ្រពិតប្រាកដ ដែលចង់បានអាវមានចុះហត្ថលេខារបស់ខ្លួន៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី