
យោងតាមរបាយការណ៍បានឱ្យដឹងថា អាវរបស់ Lionel Messi នៅក្នុងការប្រកួត World Cup 2022 នឹងត្រូវដាក់លក់ដេញថ្លៃក្នុងតម្លៃខ្ពស់កប់ពពក។
Messi បានបង្កើតប្រវត្តិសាស្ត្រកាលពីចុងឆ្នាំ២០២២ ដែលរូបគេរង់ចាំអស់រយៈពេលស្ទើពេញមួយអាជីព ដើម្បីទទួលបានពានរង្វាន់ធំបំផុតនៅក្នុងអាជីពបាល់ទាត់នេះ។ តាមពិតទៅ Messi ប៊ិះនឹងលើកពាន World Cup ២០១៤ ម្ដងរួចទៅហើយដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ ដែលកាលនោះអាហ្សង់ទីនបានរងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអាល្លឺម៉ង់ ប៉ុន្តែ ៨ឆ្នាំក្រោយមក Messi នៅតែអាចសម្រេចភាពជោគជ័យលើកពានរង្វាន់ World Cup ក្នុងឆ្នាំ២០២២នេះ។
Messi បានដើរតួនាទីយ៉ាងសំខាន់បំផុតនៅគ្រប់ការប្រកួតទាំងអស់ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០២២ ផងដែរ។ ម្ចាស់ពាន Ballon d’Or ប្រាំបីសម័យរូបនេះបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផល ៣-៣ ទល់នឹងក្រុមការពារតំណែងជើងឯកបារាំង ប៉ុន្តែអាហ្សង់ទីន បានទទួលជ័យជម្នះដោយបាល់កាត់សេចក្ដីប៉េណាល់ទី។
យោងតាមរបាយការណ៍ពីការសែត Daily Mail បានឱ្យដឹងថា អាវចំនួន ៦ របស់ Messi ពីការប្រកួត World Cup នោះ រួមទាំងអាវដែលគាត់បានពាក់ក្នុងវគ្គផ្តាច់ព្រ័ត្រ ក៏នឹងត្រូវដាក់លក់ដេញថ្លៃផងដែរ។ ការដេញថ្លៃនេះត្រូវបានធ្វើឡើងដោយ Sotheby’s ក្នុងទីក្រុងញូវយ៉ក ខណៈការសែត The Athletic បានរាយការណ៍ថាផ្នែកមួយនៃមូលនិធិទាំងអស់ដែលទទួលបាន នឹងផ្ដល់ទៅឱ្យគម្រោង Unicas ដែលដឹកនាំដោយ Sant Joan de Deu (SJD) ដែលជាមន្ទីរពេទ្យកុមារនៅទីក្រុងបាសេឡូណា ដើម្បីជួយដល់កុមារដែលមានជំងឺកម្រ។
អាវទាំង៦នោះ ដែលបានរួមបញ្ចូលទាំងអាវពាក់នៅក្នុងតង់ទី១ នៃវគ្គផ្តាច់ព្រ័ត្រ, អាវពាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រូអាត, អាវពាក់នៅវគ្គ ៨ក្រុមចុងក្រោយទល់នឹងក្រុមហូឡង់ និងអាវដែលពាក់នៅការប្រកួតវគ្គចែកពូលចំនួនពីរផងដែរ។ ចុះតម្លៃនៃការដេញថ្លៃនេះនឹងទទួលបានប៉ុន្មានទៅ? បើតាមការប៉ាន់ប្រមាណគេជឿជាក់ថា នឹងទទួលបានប្រហែល ៨លានផោន ឬស្មើរទៅនឹង ១០លានដុល្លារ៕
ដោយ៖ វិទូ