😱 ក្ដៅៗ! Messi នឹងដឹកនាំ Inter Miami ទៅប្រកួតជាមួយ Ronaldo ជាលើកចុងក្រោយបង្អស់

37673
  • Al Nassr របស់ Cristiano Ronaldo និងក្លិប Inter Miami របស់ Lionel Messi នឹងត្រូវជួបគ្នានៅខែកុម្ភៈឆ្នាំ២០២៤ ខាងមុខ ក្នុងជំនួបពានរង្វាន់ Riyadh Season Cup នេះបើយោងតាមម្ចាស់ក្លឹបអេស្ប៉ាញ Almeria លោក Turki Alalshikh ដែលជាមនុស្សមានឥទ្ធិពលម្នាក់នៅអារ៉ាប៊ីសាអូឌីត។
    ពេលខ្លះជីវិតផ្តល់ឱ្យយើងនូវឱកាសសម្រាប់ការរីករាយនៅពេលវេលាចុងក្រោយ។ ដូចដែលជោគវាសនារបស់កំពូលតារាបាល់ទាត់ចំនួនពីររូបគឺ Cristiano Ronaldo និង Lionel Messi នឹងជួបគ្នាម្តងទៀតនៅលើទីលានបាល់ទាត់ ដែលប្រហែលជាលើកចុងក្រោយបំផុត នៅពេលដែលក្រុមរបស់ពួកគេជួបគ្នាក្នុងពានរង្វាន់ Riyadh Season Cup ក្នុងខែកុម្ភៈឆ្នាំ២០២៤នេះ។
    ម្ចាស់ក្លឹប Almeria លោក Turki Alalshikh បានសរសេរនៅលើ Twitter ឬក៏ឈ្មោះថ្មីថាបណ្ដាញសង្គម X.com ថា៖ “វាគឺជាការជួបគ្នាចុងក្រោយដ៏អស្ចារ្យបំផុតនៅក្នុងពិភពបាល់ទាត់។ Ronaldo និង Messi ប៉ះគ្នានៅលើទីលាន។ មើល Inter Miami FC ប្រកួតជាមួយ Al-Nassr FC ក្នុងពានរង្វាន់ Riyadh Season Cup”។
    គួររំលឹកថា លើកចុងក្រោយដែលកីឡាករដែលប្រជែងដណ្តើមតំណែងជាកីឡាករល្អបំផុត នៅក្នុងពិភពបាល់ទាត់អស់រយៈពេលជិត ២០ឆ្នាំមកនេះ គឺនៅក្នុងការប្រកួតពានមិត្តភាព Riyadh Season Cup ឆ្នាំ២០២២ នៅពេលដែលក្រុម Saudi Pro League all Star ប៉ះជាមួយក្រុមយក្សបារាំង PSG ដែលកាលនោះវីរបុរសអាហ្សង់ទីនខាងលើកំពុងលេងនៅទីនោះ។
    សូមជម្រាបផងដែរថា Messi និង Ronaldo បានជួបគ្នាក្នុងការប្រកួតសរុបចំនួន ៣៦ដងហើយនៅក្នុងអាជីពរបស់ពួកគេ ដែលបានក្លាយជាជំនួបមានអ្នកតាមដានច្រើនបំផុតនៅក្នុងពិភពបាល់ទាត់ ខណៈពួកគេជួបគ្នាលើកដំបូងនៅក្នុងឆ្នា២០០៨ ដែលកាលនោះ Ronaldo លេងនៅក្លិបអង់គ្លេស Manchester United ចំណែកឯ Messi កំពុងលេចធ្លោនៅក្លិបអេស្ប៉ាញ Barcelona។
    ការប្រកួតលើកទី៣៧ ដែលជាជំនួបលើកចុងក្រោយនេះ ត្រូវបានគេដាក់ឈ្មោះថា “The Last Dance” ជាមួយនឹងកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតចំនួនពីររូប ដែលមិនធ្លាប់មាននៅលើទីលានប្រកួតតទល់នឹងគ្នាជាលើកចុងក្រោយ។ ខណៈ Messi នាំមុខជាមួយនឹងជ័យជម្នះចំនួន ១៦លើក ស្របពេល Ronaldo ឈ្នះបាន ១១ដង៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី