Tiger Street Football Festival 2019 មណ្ឌលទី ៧ ខេត្តកំពង់ចាម បើកការប្រកួតជាផ្លូវការហើយ

11115

ការប្រកួតជម្រុះមណ្ឌលទី ៧ នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 នាព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ នេះបានចាប់ផ្តើមបើកជាផ្លូវការហើយនៅទីលានកោះពេជ្រជិតមាត់ទន្លេ ខេត្តកំពង់ចាមដោយមានការចូល រួមពីក្រុមចំនួន ៧៦ ក្រុម ចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបាន វត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្រាបៀរថៃហ្គ័រផងដែរ ។

លោក ដួង សុចិត្រ តំណាងអោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយថា នេះគឺជាឆ្នាំទី ៧ ហើយដែលក្រុមហ៊ុន ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យនេះក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពានរង្វាន់ ។ ជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថាកីឡាករប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី ។

លោក Roderick Leong នាយកផ្នែកលក់ស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា Tiger Street Football Festival 2019 នេះជាលើកទី ៧ នឹងជាឆ្នាំទី ៥ នៅទឹកដីខេត្តកំពង់ចាម ហើយព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់ ៩ ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង ៧០០ ក្រុមនិងមានរង្វាន់ដ៏ច្រើនសរុបរហូតដល់ ៥០,០០០ដុល្លារ ។
មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ និងទី ១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។ សូមបញ្ជាក់ថា ការប្រកួតនៅមណ្ឌល កំពង់ចាមនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ ១ នឹងទទួលបានប្រាក់រង្វាន់ ១,៥០០ ដុល្លារ ក្រុមលេខ ២ ទទួលបាន ១,០០០ ដុល្លារ ក្រុមលេខ ៣ ទទួលបាន ៥០០ ដុល្លារ ក្រុមលេខ ៤ ទទួលបាន ២០០ ដុល្លារ។ ដោយឡែកក្រុមលេខ ៥ លេខ ៦ និងលេខ ៧ មិនទទួលបានរង្វាន់នោះទេតែទទួលបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស ។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះ Tiger Street Football Festival 2019 មណ្ឌលទី ៧ ខេត្តកំពង់ចាមនេះ គណៈកម្មាធិការជ្រើសរើស ៧ ក្រុម ក្នុងចំណោម ៧៦ ក្រុមចូលរួមដើម្បីឆ្ពោះទៅវគ្គផ្តាច់ព្រាត់ជាមួយ ៨ មណ្ឌលផ្សេងទៀត នៅរាជធានីភ្នំពេញថ្ងៃទី ១៦ និងទី ១៧ ខែមីនា ២០១៩ខាងមុខនេះ ជាមួយនឹងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់ ៥០,០០០ ដុល្លារ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី